មូលហេតុដែលកើត ជម្ងឺគេងមិនលក់

ចំពោះលោកអ្នកដែលមានបញ្ហាដំណេកអាចស្ដែងចេញឱ្យឃើញថាជាជម្ងឺគេងមិនលក់។ ជាមធ្យមលោកអ្នកគប្បីគេងឱ្យ បានពី៧ម៉ោងទៅ៨ក្នុងមួយថ្ងៃ ទើបសុខភាពមានលក្ខណៈប្រសើរអាចប្រឆាំងនឹងការបៀតបៀននៃជម្ងឺដទៃ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ដ។ ការគេងធ្វើឱ្យរាងកាយ និងចិត្ដបានសម្រាក និងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹកព្រលឹម។
អ្វីទៅជាជម្ងឺគេងមិនលក់?
ជម្ងឺប្រភេទមួយដែលមានបញ្ហាចំពោះដំណេក
បង្កឱ្យលោកអ្នកគេងមិនបានស្រួល ធ្វើឱ្យលែងមានអារម្មណ៍ស្រស់ស្រាយ នៅពេលក្រោកពីដំណេក។
លោកអ្នកមួយចំនួនមានការលំបាកនឹងគេងឱ្យលក់ ខ្លះភ្ញាក់ពីព្រឹកព្រលឹមពេក
ហើយមិនអាចគេងលក់ទៅវិញ។ លោកអ្នកខ្លះទៀតនោះអាចគេងភ្ញាក់ៗក្នុងមួយយប់ៗច្រើនដង។
ជាដំណោះស្រាយចំពោះបញ្ហានេះ មានលោកអ្នក
មួយចំនួនសម្រេចជ្រើសរើសការប្រើប្រាស់ថ្នាំងងុយគេង ហើយអាចញៀនថ្នាំងងុយគេង។
ផលប៉ះពាល់នៃជម្ងឺគេងមិនលក់
ជម្ងឺគេងមិនលក់បណ្ដាលឱ្យលោកអ្នកមានអារម្មណ៍ធីងធោងនៅពេលថ្ងៃ
អស់កម្លាំង ធ្វើឱ្យការផ្ដោតអារម្មណ៍ និងការគិតទៅលើបញ្ហាអ្វីមួយមិនបានល្អ
មានអារម្មណ៍រកាំចិត្ដ និងឆាប់ខឹងមួម៉ៅ ហើយការគិតពិចារណា
និងដោះស្រាយចំពោះរឿងអ្វីមួយមិនបានច្បាស់លាស់។ ទាំងនេះសុទ្ធតែស្ដែងចេញឱ្យឃើញនៅពេលដែលលោកអ្នកមានជម្ងឺគេងមិនលក់។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺគេងមិនលក់
ជាទូទៅជម្ងឺគេងមិនលក់បណ្ដាលមកពីបញ្ហាជាច្រើនដែលបង្កឱ្យមានជម្ងឺនេះកើតមានឡើងមានដូចជា
៖
§
ទទួលទានគ្រឿងស្រវឹង
លោកអ្នកដែលពិសាគ្រឿងស្រវឹងភាគច្រើនតែងកើតមានជម្ងឺគេងមិនលក់
ដោយសារតែបញ្ហាគេងមិនសូវបាននៅពេលដែលស្រវឹង
ហើយទម្លាប់ភ្ញាក់ពីព្រឹកព្រលឹមដោយហេតុតែមានរោគសញ្ញានៃការផ្ដាច់ស្រា។
§
មូលហេតុមួយទៀត គឺដោយសារបុគ្គលនោះមានជម្ងឺផ្លូវចិត្ដ
ដូចជាជម្ងឺធ្លាក់ទឹកចិត្ដ ឬជម្ងឺថប់អារម្មណ៍។
មួយវិញទៀតគឺបណ្ដាលមកពីការប្រើប្រាស់ថ្នាំងងុយគេងខុសប្រក្រតី
ដោយមិនមានវេជ្ជបញ្ជាប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
§
មូលហេតុចុងក្រោយ គឺបណ្ដាលមកពីបញ្ហាផ្នែកជម្ងឺទូទៅ
ជាពិសេសបញ្ហាដែលបណ្ដាលឱ្យមានការឈឺចាប់ ដូចជាការរងរបួសដោយគ្រោះថ្នាក់អ្វីមួយ
ពិបាកដកដង្ហើម ជម្ងឺខ្សោយបេះដូង ឬជម្ងឺរលាកផ្លូវទឹកនោមដែលបណ្ដាលឱ្យនោមញឹកញាប់ នៅពេលដែលទទួលទានដំណេក។
ដំណោះស្រាយ
និងប្រការគួរប្រតិបត្ដិចំពោះជម្ងឺគេងមិនលក់
ការព្យាបាលជម្ងឺផ្លូវចិត្ដទាំងអស់ជាការចាំបាច់
ត្រូវមានការថែទាំ និងពិនិត្យព្យាបាលយ៉ាងត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញផ្នែក
សុខភាពផ្លូវចិត្ដ។ ជម្ងឺគេងមិនលក់ក៏ដូចគ្នាដែរ គឺចាំបាច់ត្រូវព្យាបាលទៅតាមមូលហេតុនីមួយៗដែលបង្កឱ្យមានជម្ងឺនេះ។
ការព្យាបាលចំពោះជម្ងឺនេះគឺត្រូវអប់រំដល់បុគ្គលដែលមានជម្ងឺគេងមិនលក់ឱ្យដឹងអំពីរបៀបគេងឱ្យបានប្រសើរឡើង។
អ្នកជម្ងឺគេងមិនលក់ចាំបាច់ត្រូវស្វែងយល់បញ្ហាដំណេកឱ្យបានត្រឹមត្រូវ ៖
§
រក្សាទម្លាប់ក្នុងការគេងឱ្យបានទៀងទាត់ គឺគប្បីកំណត់ពេលវេលាក្នុងការចូលគេង
និងក្រោកពីព្រលឹមឱ្យបានទៀងពេល
§
ភ្ញាក់ពីគេងឱ្យទៀងពេល មិនថាលោកអ្នកគេងបានប៉ុន្មានម៉ោងនោះទេ។
លោកអ្នកអាចប្រើប្រាស់នាឡិការោទ៍
បើសិនលោកអ្នកមានការលំបាកក្នុងការភ្ញាក់ឱ្យបានទៀងម៉ោងនាពេលព្រឹក
§
លោកអ្នកមិនត្រូវប្រើគ្រឿងស្រវឹង ឬថ្នាំងងុយគេងដើម្បីឱ្យទទួលទានដំណេកលក់ស្រួលនោះទេ
ព្រោះអាចប៉ះពាល់បញ្ហាដំណេករបស់លោកអ្នកទៅថ្ងៃមុខ
§
មិនត្រូវពិសាបារីនៅមុនពេលចូលគេងនោះទេ
ព្រោះអាចបណ្ដាលឱ្យលោកអ្នកក្អកដែលធ្វើឱ្យប៉ះពាល់ដល់ដំណេក
§
មុនចូលគេងគប្បីបត់ជើងតូចឱ្យហើយ
ចៀសវាងការក្រោកទៅបន្ទប់ទឹកនៅពេលយប់អធ្រាត្រ
§
ចៀសវាងការពិសាតែ ឬកាហ្វេនៅពេលរសៀល
ព្រោះសារធាតុទាំងនេះអាចធ្វើឱ្យលោកអ្នកមិនងងុយគេង
§
ធ្វើវិធីលំហាត់សម្រាកចិត្ដកាយមុនពេលចូលគេង
§
ចៀសវាងការគេងពេលថ្ងៃ ព្រោះអាចប៉ះពាល់ទៅដល់ពេលវេលាក្នុងការគេងពេលយប់
§
សម្រួលអារម្មណ៍ឱ្យបានល្អប្រសើរនៅពេលទទួលទានដំណេក
កុំព្រួយបារម្ភថាខ្លួនមិនអាចគេងលក់ ព្រោះវាអាចធ្វើឱ្យបញ្ហាក្នុងការដំណេកកាន់តែធ្ងន់ធ្ងរ
§
ត្រូវមានកន្លែងគេងឱ្យបានត្រឹមត្រូវ និងផាសុកភាព
§
ប្រសិនបើលោកអ្នកគេងមិនលក់នោះទេ
គឺត្រូវងើបឡើងសម្រាកឬអានសៀវភៅរយៈពី១៥ទៅ៣០នាទីរួចសឹមចូលទៅគេងវិញ។
ដំបូន្មានអ្នកជំនាញ
ការថែរក្សាសុខភាពមិនមែនជារឿងលេងសើចនោះទេ
គឺចាំបាច់ត្រូវថែទាំឱ្យបានដិតដល់ ដើម្បីបញ្ចៀសពីបញ្ហាទាំងឡាយ។
បញ្ហាដំណេកនឹងធ្វើឱ្យលោកអ្នកមានបញ្ហាកាន់តែច្រើន ទាំងសុខភាពផ្លូវចិត្ដ
និងសុខភាពផ្លូវកាយ ដូចជាការប្រឈមមុខនឹងជម្ងឺផ្ដាសាយក៏ដូចជាជម្ងឺដទៃទៀតផងដែរ។
ដូចនេះលោកអ្នកត្រូវអនុវត្ដឱ្យបានត្រឹមត្រូវចំពោះដំណេករបស់លោកអ្នក។
ប្រភពដើម៖ Healthcambodia.com
ប្រភពដើម៖ Healthcambodia.com
មូលហេតុដែលកើត ជម្ងឺគេងមិនលក់
Reviewed by yrt
on
2:37 PM
Rating:
Reviewed by yrt
on
2:37 PM
Rating:



No comments