Loading...

ពាក្យសម្តីដល់មានន័យ២៦ឃ្លា ពីមហាសេដ្ឋី​ Jack Ma

Jack Ma ជាសហគ្រិនដ៏អស្ចារ្យម្នាក់ ដែលបង្កើតក្រុមហ៊ុន Ali Group ដែលនៅក្នុងនោះមានក្រុមហ៊ុនជាច្រើនទៀត ដូចជា Alibaba  និង  Alipay ជាដើម។ គាត់ចាប់ផ្តើមពីអាជីពជាគ្រូបង្រៀនម្នាក់ រហូតបានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសចិន។ ខ្ញុំនៅចាំកាលនោះ គឺខែកុម្ភៈ ឆ្នាំ២០១៤ ខ្ញុំទើបតែចូលធ្វើការនៅ F.U.G.I គឺជាពេលដែល Alibaba ប្រកាសត្រៀមខ្លួនហក់ចូលទីផ្សារភាគហ៊ុនរបស់ New York ។ ខ្ញុំក៏ចាប់អារម្មណ៍ ហើយតាមដានពត៌មាននេះរហូត ទើបខ្ញុំស្គាល់ឈ្មោះគាត់រហូតដល់សព្វថ្ងៃ។ Jack Ma ប្រើទស្សនក្នុងការធ្វើជំនួញដ៏ល្អបំផុត ដោយផ្តោតសំខាន់លើអតិថិជនមុនទើបគិតគូររឿងលុយតាមក្រោយ។ នេះក៏ប្រហែលជាចំណុចចាប់ផ្តើមនៃការរីកធំធាត់របស់ក្រុមហ៊ុននេះដែរ។ ថ្ងៃនេះ ខ្ញុំនឹងដកស្រង់យកពាក្យសម្តីខ្លះដែលគាត់បាននិយាយ មកបង្ហាញដើម្បីងាយស្រួលក្នុងការអាន និងស្វែងយល់ពី Jack Ma៖

១. កុំបោះបង់ចោល ថ្ងៃនេះពិបាក ថ្ងៃស្អែកកាន់តែពិបាក ប៉ុន្តែខានស្អែកអាចនឹងល្អប្រសើរ។ មនុស្សភាគច្រើនដួលនៅពេលល្ងាចថ្ងៃស្អែក ហើយគ្មានឱកាសបានឃើញពន្លឺថ្ងៃរះទេ។
២. អ្នកគួរតែរៀនពីដៃគូប្រជែងរបស់អ្នក ប៉ុន្តែកុំចម្លងតាម ។ ចម្លងតាម អ្នកនឹងចាញ់។
៣. ខ្ញុំព្យាយាមធ្វើឱ្យខ្លួនខ្ញុំរីករាយ ព្រោះខ្ញុំដឹងថា បើខ្ញុំមិនរីករាយ បុគ្គលិកខ្ញុំក៏មិនរីករាយ ម្ចាស់ភាគហ៊ុនខ្ញុំក៏មិនរីករាយ ហើយអតិថិជនក៏មិនរីករាយ។
៤. ខ្ញុំសង្ឃឹមថា ១៥ឆ្នាំក្រោយ មនុស្សនឹងភ្លេចពី E-Commerce ព្រោះពួកគេគិតថាវាដូចជាអគ្គីសនីដែរ។
៥. នៅពេលដែលអ្នកមានលុយ១លានដុលា្លរ អ្នកជាមនុស្សសំណាង។ នៅពេលអ្នកមានលុយ១០លានដុល្លារ អ្នកនឹងមានបញ្ហាឈឺក្បាលច្រើន។ នៅពេលអ្នកមានលុយ១ពាន់លានដុល្លារ អ្នកត្រូវមានទំនួលខុសត្រូវ នោះជាការទុកចិត្តពីអ្នកដទៃ ព្រោះពួកគេជឿថាអ្នកអាចប្រើលុយទាំងនោះបានល្អជាងពួកគេ។
៦. ខ្ញុំមិនត្រូវការគេចូលចិត្តទេ ខ្ញុំចង់បានការគោរព។
៧. វាគ្មានបញ្ហាទេ បើយើងបរាជ័យ ព្រោះយើងបានផ្តល់តម្រុយដល់អ្នកជំនាន់ក្រោយដែរ ទោះបីយើងមិនទទួលជោគជ័យ ក៏មានអ្នកដទៃអាចធ្វើបានដែរ។
៨. ខ្ញុំគិតថាឆ្កួតជារឿងល្អ ។ ពួកយើងឆ្កួតមែន តែមិនមែនភ្លើទេ។
៩. បើសិនជាអ្នកមិនធ្វើ គ្មានអ្វីដែលអាចទៅរួចទេ។
១០. បើសិនជាយើងចង់ផ្លាស់ប្តូរពិភពលោក យើងប្តូរខ្លួនឯងមុនសិន។ ការផ្លាស់ប្តូរពិភពលោក ប្រហែលជាការងាររបស់ Obama ទេ។
១១. កត្តាជោគជ័យមួយដែលធ្វើឱ្យ Alibaba ទទួលបានជោគជ័យ គឺ ពួកយើងមានស្ត្រីធ្វើការច្រើន។
១២.ប្រសិនបើយើងមានក្រុមការងារល្អ ហើយដឹងថាអ្វីដែលយើងចង់ធ្វើនោះ យើងម្នាក់អាចយកឈ្នះមនុស្ស១០នាក់។
១៣. នៅពេល KFC មកបើកនៅប្រទេសចិន មនុស្ស២៤អ្នកបានទៅដាក់ពាក្យធ្វើការ។ មនុស្ស២៣នាក់បានជាប់ ហើយម្នាក់ទៀតគឺជាខ្ញុំ។
១៤. បើអ្នកចង់ពង្រីកខ្លួន អ្នកត្រូវស្វែងរកឱកាសល្អមួយ។ សព្វថ្ងៃនេះ បើអ្នកចង់មានក្រុមហ៊ុនអស្ចារ្យមួយ អ្នកត្រូវគិតពីបញ្ហារបស់សង្គមដែលត្រូវដោះស្រាយ។
១៥. បំភ្លេចពីដៃគូប្រជែងរបស់អ្នកទៅ ផ្តោតសំខាន់លើតែអតិថិជនអ្នកបានហើយ។
១៦. នៅពេលដែលអ្នកដទៃបែរខ្នងដាក់អ្នក អ្នកត្រូវរៀនយកដៃស្តាំចាប់ដៃឆ្វេងអ្នកឱ្យជាប់។
១៧. ស្នេហាដំបូង ជារឿងផ្អែមល្អែមបំផុត ដូចគ្នានឹងការបើកអាជីវកម្មដំបូងដែរ។
១៨. ទស្សនក្នុងការវិនិយោគរបស់ខ្ញុំគឺ មិនខាតបង់លុយ។
១៩. មនុស្សពូកែ ត្រូវការមនុស្សល្ងង់ដើម្បីដឹកនាំពួកគេ។
២០. រឿងមួយដែលអ្នកត្រូវមានជាចាំបាច់ គឺ ការអត់ធ្មត់។
២១. Ebay ប្រៀបដូចជាត្រីឆ្លាមក្នុងមហាសមុទ្រ ហើយពួកយើងប្រៀបដូចជាក្រពើនៅក្នុងទន្លេយ៉ាងចឺ ។ បើយើងទៅប្រយុទ្ធក្នុងសមុទ្រ យើងច្បាស់ជាចាញ់ តែបើយើងប្រយុទ្ធក្នុងទន្លេ យើងនឹងឈ្នះ។
២២.ប្រសិនបើមានទន្សាយ៩ក្បាលនៅមុខអ្នក ហើយអ្នកចង់ចាប់១ក្បាល នោះអ្នកត្រូវតែផ្តោតលើតែ១ក្បាលប៉ុណ្ណោះ។
២៣. នៅពេលដែលអ្នកនៅតូច អ្នកត្រូវតែផ្តោតលើអ្វីមួយ ហើយពឹងលើខួរក្បាលរបស់អ្នក មិនមែនពឹងលើកម្លាំងនោះទេ។
២៤. ព្យាយាមស្វែងរកមនុស្សដែលស្រលាញ់ការងារ កុំស្វែងរកមនុស្សដែលពូកែ។
២៥. មនុស្សជាច្រើនតែងតែត្អុញត្អែរពីរឿងម្សិលមិញ ។ ពួកយើងគ្មានលទ្ធភាពទៅផ្លាស់ប្តូររឿងម្សិលមិញទេ តែថ្ងៃនេះ និង៣០ឆ្នាំទៅមុខ ជាអ្វីដែលយើងអាចគ្រប់គ្រង និងសម្រេចចិត្តបាន។
២៦. បើសិនជា Alibaba មិនអាចក្លាយជា Microsoft ឬ Wal-Mart បាន ខ្ញុំនឹងស្តាយក្រោយអស់មួយជីវិត។
តាមពិតនៅមានគំនិតល្អជាច្រើនទៀតដែលគាត់បានចែករំលែក។ នៅក្នុង Youtube មានវីដេអូជាច្រើនអំពីការសម្ភាសន៍ ការឡើងនិយាយរបស់គាត់។ បើទំនេរអាចអង្គុយមើលបន្តិចទៅ ព្រោះអ្វីដែលគាត់និយាយអាចនឹងប្រើការបាននៅស្រុកយើង។ ប្រទេសចិន និងខ្មែរ អាចនិយាយថាស្រដៀងគ្នា ព្រោះការគិតរបស់ប្រជាជនប្រហាក់ប្រហែលគ្នា។ ខ្ញុំសង្ឃឹមថាអត្ថបទនេះមានប្រយោជន៍ដល់អ្នកទាំងអស់គ្នា។ អរគុណសម្រាប់ការអាន!

ប្រភព houtsengkea
ពាក្យសម្តីដល់មានន័យ២៦ឃ្លា ពីមហាសេដ្ឋី​ Jack Ma ពាក្យសម្តីដល់មានន័យ២៦ឃ្លា ពីមហាសេដ្ឋី​ Jack Ma Reviewed by yrt on 8:37 AM Rating: 5

No comments